រាជធានីភ្នំពេញ ៖ ទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេល១១ខែឆ្នាំនេះ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់ត្រាសរុបមានប្រមាណ៣ពាន់លានដុល្លារ ក្នុងនោះវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសមានជាង៩៤លានដុល្លារ វិស័យទេសចរណ៍១,៣៧ពាន់លានដុល្លារ វិស័យឧស្សាហកម្ម និងកម្មន្តសាល ៩៥០លានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ៤៤០លានដុល្លារ វិស័យកសិកម្ម និងកសិឧស្សាហកម្ម១៧៧លានដុល្លារ ។ នេះបើតាមលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងនៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២៦ ធ្នូ កន្លងមក ។
|
mama |
លោកគូសបញ្ជាក់ថា តួលេខវិនិយោគក្នុងស្រុកបានឈរលំដាប់លេខ១ ខណៈប្រទេសជប៉ុនលេខ២ បន្ទាប់មកចិន កូរ៉េ ថៃ ឥណ្ឌា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ឈរនៅលេខរៀងបន្តបន្ទាប់គ្នា ។
លោក ជា វុទ្ធី ថ្លែងថា ៖ « ទន្ទឹមនឹងសមិទ្ធផលដែលយើងសម្រេចបានទាំងអស់នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាស្ថាប័នគន្លឹះមួយ ដែលធ្វើការសម្របសម្រួលដោយផ្ទាល់ជាមួយអ្នកវិនិយោគ បានបំពេញការងារយ៉ាងសកម្មក្នុងការបន្តទាក់ទាញអ្នកវិនិយោគថ្មី រួមចំណែកដោះស្រាយការប្រឈមនានារបស់អ្នកវិនិយោគ និងផ្តល់សេវាថែទាំដល់ការវិនិយោគ ក្នុងគោលបំណងជួយអ្នកវិនិយោគទទួលបានជោគជ័យក្នុងសកម្មភាពវិនិយោគ និងបន្តការវិនិយោគរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថា ការទាក់ទាញការវិនិយោគមានប្រសិទ្ធភាពខ្ពស់ គឺមានតែយើងទាំងអស់គ្នាខិតខំប្រឹងប្រែងថែទាំអ្នកវិនិយោគដែលមាន ស្រាប់ គាត់រួមចំណែកជាមួយព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីអំពាវនាវឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត » ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖ « ក្រសួងពាណិជ្ជកម្មបាននិងកំពុងកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលជាតម្រូវការចាំបាច់របស់ធុរជន ឆ្លើយតបនឹងតម្រូវការអង្គការពាណិជ្ជកម្មពិភពលោក ។ បច្ចុប្បន្ន ក្រសួងបានបញ្ចប់សេចក្តីព្រាងច្បាប់មួយចំនួនដូចជា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, កិច្ចសន្យាពាណិជ្ជកម្ម, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំអនុក្រឹត្យមួយចំនួនដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ទាំងនោះ » ។
លោករដ្ឋមន្ត្រីបន្តថា ទោះបីជាក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវសមិទ្ធផលសំខាន់ៗក៏ដោយ ក៏ក្រសួងពាណិជ្ជកម្មនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវ ដោះស្រាយក្នុងរយៈពេលខ្លី មធ្យម និងវែង ហើយតម្រូវឲ្យក្រសួងពាណិជ្ជកម្មរៀបចំផែនការសកម្មភាព គោលនយោបាយពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៧ និងបណ្តាឆ្នាំខាងមុខទៀត ៕