Skip Ribbon Commands
Skip to main content



Date 02/03/2018-18:29:00 PM
កម្ពុជា-វៀតណាម បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ ខេត្តត្បូងឃ្មុំ

ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដារ» ស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ របស់កម្ពុជា និងខេត្តតៃនិញ របស់វៀតណាម ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ លើសពីនេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

«ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម»

លោក វ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាម បានគូសបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ផ្សារដាថ្ងៃនេះ គឺដើម្បីអបអរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត។

«ខ្ញុំសង្ឃឹមថាការសាង់សង់ផ្សារដានេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ»។ លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់។

គួររំលឹកដែរថា គម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,៤១១,០០០វៀតណាមដុង ឬ ជិត ២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។

ក្នុងកំឡុង ៥ឆ្នាំចុងក្រោយនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា មានតម្លៃចន្លោះពី ១,៧ពាន់លានដុល្លារ ទៅ ២ពាន់លានដុល្លារអាមេរិក។ ដោយឡែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឲ្យកត់សម្គាល់។ គិតត្រឹមរយ:ពេល១១ខែ នៃឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្ម ៣,៤៣៨លានដុល្លារ ពោលគឺបានកើនឡើង ៣១,៥% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ២,៩២៦លានដុល្លារ ប៉ុណ្ណោះ៕

Fresh News
Fresh News

    Viewed: 181
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com