Skip Ribbon Commands
Skip to main content



Date 07/03/2018-18:25:00 PM
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គម និយមវៀតណាមចូលជួបសម្តែងការគួរសម
ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨–សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម វូ ក្វាងមិញ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេល វេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសមនាពេលនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ឯកឧត្តមត្រូវបានបក្ស និងរដ្ឋាភិបាលវៀតណាមតែងតាំង ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមរយៈបេសកកម្មការទូតនេះ ឯកឧត្តមថា នឹងខិតខំប្រឹងប្រែងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរ ចំពោះប្រទេសទាំងពីរ ដែលបានរួមគ្នាប្រារព្ធ ខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។ ក្នុងនោះសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបានផ្តល់កិត្តិយសអញ្ជើញ ចូលរួមក្នុងពិធីជប់លៀងអបអរសាទរ ខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-វៀតណាម។

ឯកឧត្តមសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ ព្រឹទ្ធសភាកម្ពុជានឹងបន្តគាំទ្រក្នុងបេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី បាន សម្តែងនូវការអបអរសាទរ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បញ្ជាក់ថា ប្រជាជន និងប្រទេសទាំងពីរមានប្រពៃណីសាមគ្គីតស៊ូជាមួយ នឹងគ្នាតាំងពីយូរ លង់ណាស់មកហើយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត ដោយស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។

ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានពង្រឹងពង្រីកលើគ្រប់វិស័យជា បន្តបន្ទាប់តាំងពីជំនាន់មុនរហូតដល់ពេលបច្ចុប្បន្ន។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងព្រឹទ្ធសភា ហើយជានិច្ចកាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា។

សភាកម្ពុជា និងរដ្ឋសភាវៀតណាម បានដើរតួនាទីដ៏សំខាន់ នៅក្នុងការរួមចំណែកលើកកម្ពស់ចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងតែងតែជួយគាំទ្រ គ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរសភាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌ AIPA IPU APF និងAPPF។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាម ដែលបានផ្តល់ កិច្ចសហប្រតិបត្តការ និងជួយគាំទ្រជាសម្ភារបរិក្ខារយ៉ាងច្រើនដល់ព្រឹទ្ធសភាកម្ពុជា ដែលជំនួយទាំងនេះ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងលើកម្ពស់សមត្ថភាពមន្ត្រីនៃអគ្គលេខាធិដ្ឋានព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងនាមព្រឹទ្ធសភា សម្តេចបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម ឯកអគ្គរដ្ឋទូត និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងជំនួបនេះដែរឯកឧត្តមឯកអគ្គរដ្ឋទូតក៏បាននាំមកនូវអំណោយជំនួយជាសម្ភារៈ ពីរដ្ឋសភាវៀតណាម ប្រគល់ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងនីតិកាលទី៤ ដែលរួមមាន៖ កុំព្យូទ័រលើតុចំនួន ៦០គ្រឿង កុំព្យូទ័រយួរដៃចំនួន៣០គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន ៦០គ្រឿង និង ម៉ាស៊ីនហ្វូតូកូពីចំនួន ០៨គ្រឿង គិតជាទឹកប្រាក់សរុបចំនួន ៣ប៊ីលានដុង ស្មើនឹង ១០៤.៣៦៣ដុល្លារអាម៉េរិក៕

ប៉ាល់ សុង
AKP

    Viewed: 318
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com