រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយ ឯកឧត្តម វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផល កសិកម្មឱ្យបានអតិបរមា។
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូធុរជនអាមេរិក ដឹកនាំដោយ ឯកឧត្តម វីល្លាម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អេឡែន ឌី តាន់ (Allen D. Tan) ប្រធាន ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ធ្វើការវិនិយោគលើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យដល់កម្រិត ស្តង់ដារអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មឱ្យបានអតិបរមា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសចូលរួមពិសាអាហារពេលព្រឹក ដើម្បីផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុង វិស័យកសិកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិក សហការ ជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនគណៈប្រតិភូធុរជនអាមេរិក អំពីស្ថិរភាពកំណើនសេដ្ឋកិច្ច និងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាបានកំពុងជួបប្រទះ ដែលទាមទារ ឱ្យមានការចូលរួមវិនិយោគពីផ្នែកឯកជន ដើម្បីធ្វើទំនើបកម្ម និងប្រែក្លាយវិស័យមួយនេះ ឱ្យទៅមូលដ្ឋានផលិតកម្មសំខាន់ សំដៅធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើធុរកិច្ចនៅកម្ពុជា និងបានជម្រាបជូនភាគីអាមេរិក អំពីគោល នយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះវិនិយោគិនបរទេស ដូចជាការអនុគ្រោះពន្ធនាំចូលសម្រាប់សម្ភារៈ និងគ្រឿងបរិក្ខាកសិកម្ម និងការសម្រួលការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្តល់ដោយ ប្រទេសជាដៃគូរបស់កម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូធុរជនអាមេរិក ចាប់ដៃគូជាមួយធុរជនកម្ពុជា ដើម្បីវិនិយោគរួមគ្នា លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការនាំយកបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃផលិតកម្ម សំដៅ បង្កើនតម្លៃបន្ថែម និងបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិស័យឯកជន និងលើកស្ទួយការអភិវឌ្ឍវិស័យ កសិកម្មនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ ព្រមទាំងគណៈប្រតិភូធុរជនអាមេរិក បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនឱកាសវិនិយោគលើផ្នែកកសិកម្ម និងកសិ-ពាណិជ្ជកម្ម។ ឯកឧត្តម វីល្លាម ហ៊ីដ និងលោក អេឡែន ឌី តាន់ បានសន្យាជួយសម្របសម្រួលការចាប់ដៃគូធរុកិច្ចរបស់វិស័យឯកជននៃ ប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពជួយគាំទ្រការអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ជុំវិញការអភិវឌ្ឍខ្សែចង្វាក់តម្លៃកសិផលកម្ពុជា និងការធ្វើពិពិធកម្មវិស័យនាំចេញ។ ម្យ៉ាងទៀត ភាគីអាមេរិក ក៏មានបំណង ប្រែក្លាយកម្ពុជា ឱ្យដើរតួនាទីសំខាន់ក្នុងការផលិត និងចែកចាយផលិតផលកសិកម្ម ទាំងក្នុងតំបន់ និងទីផ្សារពិភពលោក។
សូមជម្រាបថា វិស័យកសិកម្ម គឺជាសសរស្តមដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតែជាង ៨០% នៃប្រជាជនរស់នៅ តំបន់ជនបទ គឺជាកសិករ។ កាលពីឆ្នាំ ២០១៧ វិស័យកសិកម្ម បានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) ២៤,៩%។ ទន្ទឹមនឹងនេះ នៅក្នុងអំឡុងពេលដូចគ្នា ឧស្សាហកម្មមាន ៣២,៩% និងសេវាកម្មមាន ៤២,២%។ ការចូលរួមនៃ វិស័យកសិកម្ម បានថយចុះដោយសារតែកំណើនលឿននៃវិស័យពីរផ្សេងទៀត។ ប៉ុន្តែទោះបីជាមានឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុង ក៏វិស័យប្រពៃណីមួយនេះ នៅតែដើរតួនាទីសំខាន់សម្រាប់ ប្រជាជនកម្ពុជាភាគច្រើន៕
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម