ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់ប្រទេសកម្ពុជា នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងឆ្នាំ២០១៨ ជាមួយនឹងការរំពឹងទុកថា ការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក នឹងមានលទ្ធផលល្អប្រសើរ។
ក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍ពិសេសរបស់ខ្លួន ដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៨ ADB ព្យាករណ៍ថា ប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,០% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ខណៈពេលដែល សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍភាគច្រើននៅអាស៊ី នៅបន្តកំណើនថេរ ហើយប្រទេសឧស្សាហកម្មធំៗមានភាពរឹងមាំ កម្រិតមធ្យម។
លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តកើន ឡើង ក្នុងល្បឿនដ៏រឹងមាំ ដោយសារតែមានការជំរុញពីកំណើនការនាំចេញដ៏រឹងមាំ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ តម្រូវការក្នុងស្រុកមានសន្ទុះខ្លាំងក្លា និងការពង្រីកគោលនយោបាយសារពើពន្ធ។ ប៉ុន្តែកំណើនប្រាក់ឈ្នួលដ៏ឆាប់រហ័ស ដោយពុំមានកំណើនផលិតភាព អាចបង្កឱ្យមានហានិភ័យក្នុងស្រុកចម្បងមួយ ដែលអាចប៉ះពាល់ដល់សមត្ថភាព ប្រកួត ប្រជែងរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសដទៃទៀត ដែលបន្តពឹងអាស្រ័យលើកកម្លាំងពលកម្មដែលមានថ្លៃឈ្នួលទាប»។
វិស័យទេសចរណ៍របស់កម្ពុជា បានបន្តកើនឡើង ដែលមួយផ្នែកធំដោយសារកំណើនចំនួនភ្ញៀវទេសចរ មកពីសាធារណរដ្ឋ ប្រជាមានិតចិន។ ជញ្ជីងទូទាត់ជារួម នឹងនៅបន្តរក្សាអតិរេក ដោយសារតែលំហូររឹងមាំ នៃការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការបន្តការកើនឡើង នូវទុនបម្រុងបរទេសបន្ថែមទៀត គឺពី ៩.១ពាន់លានដុល្លារក្នុ ងខែកក្កដា ឆ្នាំ២០១៨ រហូត ដល់ប្រមាណជា ១០ពាន់លានដុល្លារ នៅចុងឆ្នាំ២០១៨ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល៦ខែ។
បើទោះជាកំណើនសេដ្ឋកិច្ច មានភាពរឹងមាំក៏ដោយ អត្រាអតិផរណាបានថមថយមកវិញ ដោយគិតជាមធ្យមស្ថិតក្នុងកម្រិត២.៤% នៅក្នុងរយៈពេល៦ដំបូង ក្នុងឆ្នាំ២០១៨ គឺថយចុះពី ៣.៤% រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើនក្នុងកម្រិត ទាបនៃតម្លៃស្បៀងអាហារ។ មានការព្យាករណ៍ថា អត្រាអតិផរណាគិតជាមធ្យម នឹងមានកម្រិត ២.៦% នៅឆ្នាំនេះ ហើយនឹង កើនឡើងដល់ប្រមាណ ៣.០%នៅឆ្នាំក្រោយ៕