ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា សេវាទីប្រឹក្សានៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ។
ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសេវាទីប្រឹក្សា នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេស Dohwa Engineering Co., Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាង ក្រុមហ៊ុន Dohwa Engineering Co., Ltd។
សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកម្ពុជាបានទទួលឥណទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ សម្រាប់ គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ដែលមានចំនួនទឹកប្រាក់ប្រមាណជាង ៦៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រោះទឹក បាន៧៦០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងសាងសង់ស្ថានីយបូមទឹក ចំនួន១០ទីតាំង ដែលមានសមត្ថភាពអាចបូម បាន២៩ ៩៥២ ម៉ែត្រគីប ក្នុងមួយថ្ងៃ សាងសង់បណ្តាញលូ ស្តារស្ទឹងប្រវែង ១៦,៣គីឡូម៉ែត្រ និងស្តារ ស្ថានីយបូមទឹកដែលមានស្រាប់ផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ការចុះអនុស្សរណនៃការយោគយល់នេះធ្វើឡើងក្នុងគោល បំណងធ្វើឱ្យប្រសើរ ឡើងនូវស្ថានភាពសុខុមាលភាព និងអនាម័យប្រជាពលរដ្ឋ តាមរយៈការសាងសង់ ស្ថានីយប្រព្រឹត្តកម្មដែលមាន សមត្ថភាព គ្រប់គ្រាន់ក្នុងការច្រោះទឹកកខ្វក់ពីតាមផ្ទះប្រជាពលរដ្ឋ លើកកម្ពស់បរិស្ថានដោយការបង្កើតប្រព័ន្ធបណ្តាញលូ និងការតភ្ជាប់ បណ្តាញលូពីផ្ទះប្រជាពលរដ្ឋមកកាន់ ស្ថានីយប្រព្រឹត្តកម្ម ព្រមទាំងអាចការពារទឹកជំនន់ផងដែរ៕
ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន