Skip Ribbon Commands
Skip to main content



Date 15/01/2019-09:57:00 AM
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣។

ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត កណ្តាល មានប្រវែងសរុប ៥២, ៩៨៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានី ភ្នំពេញ ប្រវែង១៥,៤២៤គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែង៣៧,៥៥៩គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃ ផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤ + ៨៤០ នៃផ្លូវជាតិលេខ១។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៧៣ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទាន ពី រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និង ចំណាយរយៈ ពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ចាប់ពីផ្លូវជាតិលេខ៦ កាត់តាមមហាវិថីឈ្នះឈ្នះ ស្ពានឈ្នះឈ្នះ ផ្លូវជាតិលេខ៥ កាត់តាម ទំនប់កប់ស្រូវ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ដែលនឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើដល់ការដឹកជញ្ជូនរវាងរាជធានីភ្នំពេញ ពិសេសតភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពងផែស្វយ័តភ្នំពេញនៅស្រុកកៀនស្វាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ មានអត្ថប្រយោជន៍ ជួយដល់ការចូលរួម ចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរយានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះ ចរាចរណ៍ជាញឹកញាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួម ចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ កំណើនសេដ្ឋកិច្ចជាតិ ក្រោមម្លប់សុខសន្តិភាព និងស្តិរភាពនយោបាយ ដែលរកបានដោយលំបាក បានធ្វើ ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មាន លទ្ធភាពទិញសម្ភារប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវខិតខំកសាង និងពង្រីកបណ្តាញ ផ្លូវថ្នល់ និងស្ពានបន្ថែមទៀត ស្របកំណើនយានយន្តរបស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាម ដងផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលស្រវឹង ស្របតាមពាក្យស្លោក៖ “ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរចរណ៍” ។

ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន

    Viewed: 299
  •  
ព័ត៍មាន

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com