សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី ២០ ដល់ ២៣ ខែមករា ២០១៩ ។
១- តបតាមការអញ្ចើញរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ចើញបំពេញទស្សនៈកិច្ចផ្លូវការ នៃសាធារណរដ្ឋ ប្រជា មានិតចិនថ្ងៃទី ២០ ដល់ ២៣ មករា ២០១៩ ។ ក្នុងឱកាសទស្សនៈកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបពិភាក្សាជាមួយ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានជួបសម្តែងការគួរសមជាមួយឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។
២- ភាគីកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងជាច្រើនតាមរយៈកំណែទំរង់ និងការបើកទូលាយរបស់ប្រទេសចិន និងសូមជួនពរដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំរបស់គណៈកម្មការមជ្ឈឹមបក្សកុម្មុនីស្តចិន ដែលមានឯកឧត្តម អគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់ក្នុងការដឹកនាំនឹងសម្រេចបានដោយជោគជ័យនូវគោលដៅសតវត្សទាំងពីរ។ ភាគីកម្ពុជាជឿជាក់ថាប្រជាជនចិននឹងអភិវឌ្ឍប្រទេសចិនទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿនសុខដុមរនា និងស្រស់ស្អាត។
ភាគីចិនបានលើកជាថ្មីពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងបានបញ្ជាក់ ឡើងវិញពីការគាំទ្រចំពោះគោលនយោបាយឯករាជ្យ និងការអភិវឌ្ឍរបស់កម្ពុជាស្របទៅនឹងផលប្រយោជន៍របស់ប្រជាជន កម្ពុជា។ ភាគីចិនសូមជួនពរដោយស្មោះឲ្យប្រជាជនកម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំធេងក្នុងការអភិវឌ្ឍជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេឆ័ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។
៣- ភាគីទាំងពីរបានឯកភាពថា មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏យូរអង្វែងកម្ពុជា ចិន គឺជាសម្បត្តិដ៏មានតម្លៃរួម នៃ ប្រជាជនយើងទាំងពីរ។ កាលពីឆ្នាំកន្លងទៅ ភាគីទាំងបានកំណត់យកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនង ការទូត ជាឱកាសដើម្បីពង្រីកការផ្លាស់ប្តូរទាំងទំនាកទំនងរវាងប្រជាជន និងប្រជាជន និងធ្វើអោយស៊ីជម្រៅនូវកិច្ចសហ ប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនាំមកនូវប្រយោជន៍សំខាន់ៗ កាន់តែច្រើនដល់ប្រជាជនទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ នៅក្នុងសករាជថ្មីនេះ ភាគីទាំងពីរនឹងលើក កម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រៀបចំផែនការសកម្មភាពដើម្បីកសាង សហគមន៍វាសនារួម ដែល មានអត្ថន័យជាយុទ្ធសាស្រ្តរវាងកម្ពុជា និងចិន ផ្តោតលើកិច្ចសហប្រតិបត្តិការនយោបាយ សន្តិភាព សេដ្ឋកិច្ច និងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងជំរុញអោយមានការអភិវឌ្ឍធំធេងបន្ថែមទៀតនូវទំនាក់ទំនងទ្វេរភាគី ក្នុងរយៈពេល៦០ ឆ្នាំ ខាងមុខ។
៤- ភាគីទាំងពីរបានឯកភាពគ្នាបន្តការទាក់ទងកម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបន្តរក្សាការប្រាស្រ័យ ទាក់ទងគ្នាឱ្យបានទាន់ ពេលវេលាលើបញ្ហាសំខាន់ៗជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងរដ្ឋាភិបាល សភា គណបក្ស សង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងប្រើប្រាស់ឱ្យបានពេញលេញ នូវតួនាទី របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន ដើម្បីជំរុញការសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ។
៥- ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត ការពារជាតិ ការអនុវត្តច្បាប់ និង សន្តិសុខ។ ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី រវាងក្រសួងការបរទេសទាំងពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការបណ្តុះបណ្តាលយោធា ការអប់រំស្ថាប័ន សេវាសុខាភិបាល និងការដឹកជញ្ជូន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ មនុស្ស បទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត ភេរវកម្ម ព្រមទាំងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ការកសាងសមត្ថភាព ក្នុងការ អនុវត្តច្បាប់ និងការស៊ើបអង្កេត។ ភាគីទាំងពីរឯកភាពគ្នាកំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាង កម្ពុជា-ចិន។
៦- ភាគីទាំងពីរឯកភាពគ្នាពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណ និងអនុវត្តឱ្យបាន ពេញលេញនូវចំនុចគោលនៃផែនការរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីរួមគ្នាជំរុញការកសាងខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវ សូត្រសមុទ្រសតវត្សទី២១ ។ ភាគីចិននឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមលទ្ធភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ជំរុញការ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពប្រជាជន។
៧- ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដោយផ្តោតសំខាន់ ទៅលើការដឹកជញ្ជូន ការបង្កើនសមត្ថភាពផលិត ថាមពល ពាណិជ្ជកម្ម និងការទ្រទ្រង់ជីវភាពប្រជាជន។ ភាគីទាំងពីរ នឹងលើក កម្ពស់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ។ល។ ហើយនឹងបង្កើនទំហំ និងកម្រឹតពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរនឹងជំរុញកិច្ច សហប្រតិបត្តិការក្នុងវេទិកានានាដូចជា ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍អាស៊ាន-ចិន។ល។ ពន្លឿនការចរចាលើពិធីសារស្តីពីការនាំផ្លែឈើ និងផលិតផលកសិកម្ម ផ្សេងទៀតចូលទៅប្រទេសចិន និងប្រើប្រាស់ឱ្យបានពេញលេញនូវពាណិជ្ជកម្មអេឡិចត្រូនិច និងយន្តការកិច្ចសហប្រតិបត្តិការ នានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣។ ភាគីទាំងពីរឯកភាពប្រើប្រាស់ឱ្យបាន ពេញលេញនូវតួនាទីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគី និងមានឆន្ទៈផ្តួចផ្តើម កិច្ចពិភាក្សាអំពីការសិក្សា សមិទ្ធិលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅពេលសមស្រប។ ភាគីទាំងពីរបាន សម្តែងនូវកាពេញចិត្តចំពោះលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ច ពិសេសក្រុង ព្រះសីហនុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ ភាគីកម្ពុជាសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញារបស់ ភាគីចិនក្នុងការបន្តគាំទ្រក្រុមហ៊ុន ដែលមានសមត្ថភាព និងទំនុកចិត្តខ្ពស់មកវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រហសីហនុ អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និង គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជា ច្រើនទៀត។ ភាគីទាំងពីរនឹងបន្តគាំទ្រក្រុមហ៊ុននានាក្នុងការអភិវឌ្ឍន៍សួនឧស្សហកម្មកែច្នៃ ការផលិត និងកសិកម្ម បង្កើនកិច្ច សហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ថាមពល និងសាងសង់បណ្តាញ បញ្ជូនថាមពល បង្កើនការអភិវឌ្ឍន៍ និងការប្រើប្រាស់ថាម ពលស្អាត ព្រមទាំងពន្លឿនការសាងសង់គម្រោងដំណាក់កាលទី២ ពាក់ព័ន្ធនឹងការទ្រទ្រង់ជីវភាពប្រជាជន រួមមានការផ្គត់ផ្គង់ ទឹក ការសាងសង់សាលារៀន និងផ្លូវថ្នល់ នៅតំបន់ជនបទ។ ភាគីទាំងពីរឯកភាពបង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយ ផលសម្រាប់កិច្ចសហប្រតិបត្តិការខាងលើ។
៨- ភាគីទាំងពីរឯកភាពធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យកសិកម្ម ព្រៃឈើ នេសាទ វិទ្យាសាស្រ្ត និងបច្ជេកវិទ្យា ការការពារបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងនគររូបនីយកម្ម។ល។ ភាគីទាំងពីរនឹង រៀបចំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម លើកទី២ តាមពេលវេលាសមស្រប រួមគ្នាអនុវត្តគម្រោង អភិវឌ្ឍន៍ កសិកម្មជាតិរបស់កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាលើការបង្កាត់ពូជស្រូវ និងកែច្នៃផលិតផលកសិកម្ម។ ភាគីទាំង ពីរនឹងចាប់ផ្តើមគម្រោងមជ្ឈមណ្ឌលបង្កាត់ពូជឈើដែលមានតម្លៃខ្ពស់នៅកម្ពុជា។ ភាគីទាំងពីរនឹងលើកកម្ពស់ ការផ្លាស់ប្តូរអ្នក វិទ្យសាស្ត្រវ័យក្មេងរវាងប្រទេសទាំងពីរ កសាងយន្តការស្រាវជ្រាវវិទ្យសាស្ត្រ និងកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា។ ភាគីទាំងពីរនឹងរួមគ្នាពន្លឿនការបង្កើត មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ។
៩- ភាគីទាំងពីរឯកភាពយកឆ្នាំ២០១៩ ជាឆ្នាំកិច្ចសហប្រតិបត្តិការវប្បធម៌ និទេសចរណ៍កម្ពុជា-ចិន ព្រមទាំងចាប់ យកឱកាស នេះក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងលើកស្ទួយការ យោគយល់គ្នាទៅវិញ ទៅមក និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាងយុវជនជំនាន់ក្រោយ។ ភាគីទាំងពីរ នឹងគាំទ្រ ការរៀបចំព្រឹត្តិការណ៍ជម្រុញវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម និង សមាគមន៍មិត្តភាពសមភាគី ក្រុមសិក្សាស្រាវជ្រាវ សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា។ ភាគីទាំងពីរនឹងអនុវត្តឱ្យបាន ពេញលេញនូវ អាហារូបករណ៍រដ្ឋាភិបាលចិន ការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសវ័យក្មេង សេវាវិជ្ជសាស្ត្រស្ម័គ្រចិត្ត។ល។ ភាគីទាំងពីរ នឹងបន្ត អនុវត្តការអភិរក្ស និងការជួសជុលសម្បត្តិ បេតិកភ័ណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងសម្បត្តិបេតិកភ័ណ្ឌ វប្បធម៌ដទៃ នៅកម្ពុជា។
១០- ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ព្រមទាំទទួលស្គាល់រដ្ឋាភិបាលសាធារណ រដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់មួយ នៃ បូរណភាពដែនដីរបស់ចិន។ ភាគីកម្ពុជាសូមប្រឆាំងចំពោះការប្រកាស់ឯករាជ្យភាពរបស់តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រ ការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនងចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមជាតិ។ ភាគីចិនបានវាយតម្លៃយ៉ាងខ្ពស់ ចំពោះការគាំទ្រខាងលើនេះ។
១១- ភាគីទាំងពីរសម្តែងនូវការពេញចិត្តចំពោះស្ថិរភាពនិងការវិវត្តន៍ដ៏ប្រសើរនៃសភាពការនៅសមុទ្រចិនខាងត្បូង និងសូម អំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការអនុវត្តអោយពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ របស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការវិស័យសមុទ្រជាក់ស្តែង និងលើកកម្ពស់ការពិគ្រោះ យោបល់ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)។ ភាគីកម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រសំណើរបស់ភាគីចិនសូមឱ្យ បញ្ចប់កិច្ចពិគ្រោះយោបល់ស្តីពី COC ក្នុងរយៈពេល៣ឆ្នាំហើយនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាការវិវត្តជាវិជ្ជមាននៃ កិច្ចពិគ្រោះយោបល់ ខិតខំសម្រេចឱ្យបាននូវកិច្ចពិគ្រោះយោបល់នេះដោយឈរលើមូលដ្ឋានកុងសង់ស៊ីសទៅវិញទៅមក នឹងកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
១២- ភាគីទាំងពីរឯកភាពបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គឡានឆាង អាស៊ាន-ចិន អាស៊ីបូព៌ា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងបណ្តាក្រខ័ណ្ឌពហុភាគី រួមទាំងអង្គការសហប្រជាជាតិ។ ភាគីទាំងពីរនឹងរួមគ្នា ប្រកាន់ ខ្ជាប់នូវពហុភាគីនិយម និងការពាក់ព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ។ ភាគីទាំងពីរ នឹងជំរុញការបង្កើតទំនាកទំនងអន្តរជាតិ ដែលមានការគោរពគ្នាទៅវិញទៅមក មានយុត្តិធម៌ និងសមធម៌ និងកិច្ចសហប្រតិ បត្តិការឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍ ដែលមានជោគវាសនារួមសម្រាបប់មនុស្សជាតិ ។
១៣- ក្នុងកំឡុងពេលទស្សនៈកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានាស្តីពី ការ លើកកម្ពស់ប្រជាជន ការដឹកជញ្ជួន និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។
១៤- ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះលទ្ធផលដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងយល់ ស្របគ្នា ថាដំណើរទស្សនកិច្ចនេះបានបន្ថែមកម្លាំងចលករថ្មីក្នុងការ អភិវឌ្ឍកិច្ចសហបតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែង អំណរគុណចំពោះភាគីចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាលក្នុងកំឡុងពេលទស្សនកិច្ចនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ