នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការបន្តការ គាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងពីរ។
នៅថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការបន្តការ គាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្ត គម្រោងពីរ។ គម្រោងដែលត្រូវអនុវត្តមានដូចជា៖
១. ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ៣.៥៩៩ លានយ៉េន (ប្រមាណ៣១,៥៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងកែលម្អ និងស្ថារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២។
២. ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ១.៣៤០ លានយ៉េន (ប្រមាណ១១,៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គីសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ។
កញ្ចប់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដោយរាជរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ