Skip Ribbon Commands
Skip to main content



Date 22/04/2024-09:03:00 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុង​ការ​ដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការ​ឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាតក្នុងការទទួល​​បានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាន​នូវផ្លែផ្កានៃការអភិវឌ្ឍដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល​ អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយ​រក្សាបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាព​ថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បាន​ដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោ​បាយ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រុ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។

ក្នុងបរិបទសកល និងតំបន់, កម្ពុជា បាន និង កំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមានដូចជា «ផែនការមេឌីជីថលអាស៊ាន២០២៥» និង «យុទ្ធសាស្រ្តឌីជីថល២០២២-​២០២៥» របស់អង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ កម្ពុជា បាន និងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ “កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណងក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្មក្នុងតំបន់ ប្រកបដោយ

បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាជំពូកអាទិភាពមួយ នៅ​ក្នុងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។

សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចរួមគ្នា​ដោះស្រាយបាននូវបញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស​ និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះ​ការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល​ បញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។

ជាចុងក្រោយ ជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល សម្តេចធិបតី ក៏បានលើកទ្បើងអំពីបញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូក​រួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិតដែលមានគុណភាព ។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជាគោលដៅទី១៨ នៃ​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់​​កម្ពុជា ។ កម្ពុជា នៅតែមាន​ការ​ប្តេជ្ញាចិត្តខ្ពស់ នៅ​ក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញា​ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ។ ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ ក្រោមប្រធាបទ ‘កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងនេះ សម្តេចធិបតី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុងព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូងសម្រាប់

គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន ៕

Samdech Thipadei Hun Manet, Prime Minister of Cambodia
Samdech Thipadei Hun Manet, Prime Minister of Cambodia

    Viewed: 65
  •  

Đánh giá

(Di chuột vào ngôi sao để chọn điểm)
  
 
ភ្ជាប់បណ្តាគេហទំព័រ
 

 


គេហទំព័រនិយាយអំពីតំបន់ត្រីកោណអភិវឌ្ឈន៏ កម្ពុជា-ឡាវ-វៀតណាម
កម្មសិទ្ធិបញ្ញារបស់ក្រសួងផែនការ
អាស័យដ្ឋាន: លេខ ៣៨៦​​ មហាវិថិព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ
ទូរស័ទ្ទ: +855-23215072 • Email: viseth_ung@yahoo.com